ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ ២០២៥

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
នារសៀលថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ពិធីក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងអភិបាលក្រុង ស្រុកទាំង៩ សរុបប្រមាណជា៩៨រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងពិនិត្យទៅលើសេចក្ដីព្រាងឯកសារការងារ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបសំណើសំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗទៀតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវ។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ព័ត៌មានទាក់ទង