ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំសាមញ្ញលើកទី២០ ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺអាណត្តិទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៩ ខែមករា ឆ្នាំ ២០២៦

ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺអាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២០ នៅសាលាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ)៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៦---
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២០ នៅសាលាខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៥ ដើម្បីផ្សព្វផ្សាយ និងជារបាយការណ៍ជូនជ្រាបដល់សមាជិកក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម យឹម សុខុម បានស្នើឱ្យអង្គប្រជុំ ទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាម របៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍ របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែល រាជរដ្ឋាភិបាលបានដាក់ចុះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការក្រើនរំលឹក ទៅដល់សមាជិកក្នុងអង្គប្រជុំទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត ក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តឱ្យឆ្លើយតបបាន ទៅនឹងតម្រូវជាក់ស្ដែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែក នីមួយៗ ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការអនុម័តបានត្រឹមត្រូវ មិនទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តាមរយៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិហៅកាត់ គ.ជ.អ.ប និង ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយកសាង សមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅជំរុញឱ្យប្រពន្ធ័ ដឹកនាំបែបថ្មីនេះ អាចដំណើរការបានដោយរលូនស្របតាមគន្លង នៃលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយរបស់
រាជរដ្ឋាភិបាល ព្រមទាំងអាចឆ្លើយតបបានជាវិជ្ជមានចំពោះ តម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក៏ដូចជាការស្តារ និង អភិវឌ្ឍន៍គ្រប់វិស័យនៅថ្នាក់មូលដ្ឋានរបស់ខ្លួន។
នាឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវរៈកងទ័ពដ៏អង់អាចក្លាហានដែលបានការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងបានពលីក្នុងសមរភូមិ ដេីម្បីជាតិមាតុភូមិ។ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលក្រុង-ស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ បានចូលរួមសម្ភារៈថវិកា និងយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនជនភៀសសឹកស្នាក់នៅតាមទីអារាម និងមណ្ឌលជនភៀសសឹកនាពេលកន្លងមក។
ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ពីគោលជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងសូមឱ្យអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំរិះរកដំណោះស្រាយធ្វេីឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនឱ្យមានភាពល្អប្រសើរឡើងវិញ៕

ព័ត៌មានទាក់ទង