ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»
នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប, លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» ក្នុងគោលបំណងផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ជូនគ្រប់អង្គភាពប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅពង្រឹងការអនុវត្ត និង ធានាអនុលោមភាព នៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ជាពិសេស សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, នីតិវិធីនៃការចុះបញ្ជីដីរដ្ឋ, និង នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបង្គោល តំណាងគ្រប់អង្គភាពប្រើប្រាស់ក្រោមឱវាទ និង ក្រោមអាណាព្យាបាល របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ រូប ។
ថ្លែងក្នុងសិក្ខាសាលានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្រោមចក្ខុវិស័យប្រកបដោយភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលនយោបាយនានា ព្រមទាំងបានកសាង និង ដាក់ឱ្យអនុវត្តនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ឬ ហៅកាត់ថា SARMIS) ដែលប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ និង អង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា កន្លងមក, គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ណែនាំអំពីរបៀបនៃ ការប្រើប្រាស់ និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ចំនួន ២ លើក រួចមកហើយ ។ ដោយឡែក, សិក្ខាសាលានាពេលនេះ នឹងផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗ ចំនួន ៣ ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមាន៖ ១. ការពង្រឹងប្រសិទ្ធភាព និង គុណភាពនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ២. លក្ខខណ្ឌ និង នីតិវិធី នៃការចុះបញ្ជីដីរដ្ឋ និង ៣. នីតិវិធីនៃការផ្ទេរសិទ្ធិកាន់កាប់ និង ប្រើប្រាស់លើទ្រព្យសម្បត្តិរបស់រដ្ឋ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា សិក្ខាសាលាលើកនេះ មានភាពខុសប្លែកពីការរៀបចំលើកមុនៗ ដោយហេតុថា ក្រុមការងារលេខាធិការដ្ឋាន បានសម្រួច និង ដកស្រង់បទពិសោធន៍នៃការអនុវត្តការងារជាក់ស្តែង ដែលបាន និង កំពុងអនុវត្តផ្ទាល់ ដើម្បីយកមកពិភាក្សា ដាក់ចេញជាផែនការសកម្មភាព និង ស្រាយបំភ្លឺនូវរាល់ចម្ងល់របស់អង្គភាពប្រើប្រាស់ បន្ទាប់មកនឹងដាក់ចេញរួមគ្នានូវទិសដៅអនុវត្តការងារ សម្រាប់ជំហានបន្ទាប់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក របស់ក្រុមការងារ គ.ប.ទ. ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលជាស្ថាប័ននិម្មាបនករ តែងតែផ្តល់កិច្ចសហការខ្ពស់ និង ជិតស្និទ្ធជាមួយក្រុមការងារ គ.ប.ទ. ក្នុងទិសដៅជំរុញការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួង ប្រកបដោយវឌ្ឍនភាពគួរជាទីមោទនៈ ។
ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹក និង ផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើកកម្ពស់ការកសាងសមត្ថភាព និង ពង្រឹងភាពជាម្ចាស់ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស ជំរុញការអនុវត្តក្របខ័ណ្ឌបទដ្ឋានគតិយុត្ត ក៏ដូចជាគោលការណ៍នានា សំដៅធានាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ៕

ព័ត៌មានទាក់ទង