មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានរៀបចំបើកសិក្ខាសាលាស្តីពី «ការជំរុញ គាំទ្រទីផ្សារ ផលិតផលក្នុងស្រុក» ក្រោមអធិបតីភាព ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ សរុប ១២០រូប ពិធីដែរប្រារព្ធធ្វើនៅសាលាប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។
លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការៀបចំសិក្ខាសាលាស្តីពី «ការជំរុញ គាំទ្រទីផ្សារផលិតផលក្នុងស្រុក» នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានអំពីឱកាសទីផ្សារថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ព័ត៌មានថ្មីៗ និងស្វែងរកដៃគូសហការក្នុងការធ្វើអាជីវកម្ម ជាពិសេសការផ្តល់យុទ្ធសាស្ត្រក្នុងការធ្វើពាណិជ្ជកម្ម ការកែច្នៃ ការវេចខ្ចប់ ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងតែមានការរីកចម្រើនលើសាកលលោក។ ហើយពិព័រណ៍ផលិតផល គឺជាការបង្កើតឱ្យមានបរិយាកាសពាណិជ្ជកម្មដល់អាជីវករ សេវាករ ពាណិជ្ជករ ក្នុងមូលដ្ឋានរវាងកំពង់ស្ពឺ និងខេត្តទាំងអស់ក្នុងប្រទេស ជំរុញវិស័យពាណិជ្ជកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ធ្វើសកម្មភាពរវាងខេត្ត និងខេត្តឱ្យ មានភាពរស់រវើកមានសម្ព័ន្ធភាពល្អនឹងគ្នា បង្កើតឲ្យមានសកម្មភាពពាណិជ្ជកម្ម ឬបន្ថែមលើវិស័យកសិកម្ម ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់មន្ទីរពាណិជ្ជកម្មខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកនេះ ខិតខំចូលរួមអនុវត្តគ្រប់សកម្មភាពសម្រេចភារកិច្ចតាម តួនាទីរៀងៗខ្លួន ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ជាពិសេសបំពេញភារកិច្ចជូនជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តភារកិច្ចផ្សេងៗបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមបានបន្តទៀតថា ដោយឡែកខេត្តកំពង់ស្ពឺ កន្លងមកនេះបានទទួលនូវសមិទ្ធផលយ៉ាងច្រើនផងដែរ ដោយបានប្រែក្លាយទឹកដីខេត្តកំពង់ស្ពឺ មកជាខេត្តប្រកបដោយ សក្តានុពល ជាតំបន់សេដ្ឋកិច្ច ដែលមានរោងចក្រ សហគ្រាសធំៗកំពុងធ្វើ អាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ថែមទៀត។ បច្ចុប្បន្ននេះខេត្តមានផលិតផលសក្តានុពលមានចំនួន ១០មុខ រួមមាន៖ ស្រូវ បន្លែ មាន់កសិដ្ឋាន ជ្រូកកសិដ្ឋាន ស្ករត្នោត ស្ករអំពៅ ស្វាយកែវរមៀត ខ្សាច់ សំណង់ ថ្មសំណង់ និងថ្មអារ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពី សហគមន៍ជាតិ និងអន្តរជាតិ។
ឯកឧត្តម ក៍បានស្នើដល់បងប្អូនទាំងអស់ ជួយគាំទ្រផលិតផលខ្មែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ការគាំទ្រ ផ្តល់ឱកាសសម្រាប់ផលិតផលក្នុងស្រុកពិតជាចូលរួមចំណែកបង្កើនការផលិត ការងារ និងធ្វើឱ្យជីវភាពពលរដ្ឋក្នុងខេត្តកាន់តែល្អប្រសើរ ជាពិសេសជាការ លើកទឹកចិត្ត កសិករ ផលិតករ សិប្បករ ពាណិជ្ជករក្នុងនិងក្រៅ ត្រូវខិតខំផ លិតកែច្នៃផលិតផលរបស់ខ្លួន និងមានលទ្ធភាពអាចប្រកួតប្រជែងជាមួយ ផលិតផលនាំចូល។ ឯកឧត្តមក៏សូមស្នើដល់បងប្អូនជាកសិករ ផលិតករ សេវាករ សិប្បករ អាជីវករ ពាណិជ្ជករ និងដៃគូពាក់ព័ន្ធទាំងអស់ប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកនិងការផ្តល់ព័ត៌មានជូន ដល់អ្នកទស្សនាឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយស្វែងរកអតិថិជន សម្រាប់លក់ផលិតផលរបស់ខ្លួនឲ្យបានច្រើនជាអតិបរិមាផងដែរ។