ពិធីប្រកាសទទួលស្គាល់សមាសភាព របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦---
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីឆ្លើយតបចំពោះការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សមភាពយ៉ែនឌ័រ និងសិទ្ធិរបស់ស្រ្តី និងក្មេងស្រី រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្កើនចំនួនស្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធដឹកនាំនៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាព ព្រមទាំងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខុដុមរមនានៅក្នុងគ្រួសារ តាមរយ: ការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារ ទប់ស្កាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី និងអំពើហឹង្សាទាក់ទងនឹងយែនឌ័រ អំពើជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់ ពិសេស បានចាត់វិធានការក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញ។
ទន្ទឹមនឹងនោះផងដែរ លោកជំទាវ គា សុភូ ប្រធានប្រតិបត្តិថ្មី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ស្ពឺ បានប្តេជ្ញា គោរព និងអនុវត្តតាមលក្ខន្តិកៈ ចូលរួមសហការជាមួយគណៈចលនាស្ត្រី ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ លើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ។ ខិតខំគៀងគរស្វែងរកថវិកា ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងការងារមនុស្សធម៌ សម្រាប់ជួយដល់ជនចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងជាដើម។
មានប្រសាសន៍ក្នុងអង្គពិធីនោះ សម្តេចកិត្តិសង្គបណ្ឌិតក៏ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេចក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តកំពង់ស្ពឺ ដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ជោគជ័យរបស់សាខាសមាគមនារីខេត្តកំពង់ស្ពឺ ក៏មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់។ សម្តេចក៏បានអបអរសាទរចំពោះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយស និង លោកជំទាវ គា សុភូ ជាប្រធានប្រតិបត្តិ និងសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ស្ពឺ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកំពង់ស្ពឺ ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា៕