ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ អង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច រហូតសម្រេចបានសមិទ្ធផលធំធេងជូនខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២៥ កន្លងទៅ ។ សន្និបាតនាថ្ងៃនេះ គឺជាឱកាសដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ និងដុសខាត់យន្តការការងារឱ្យកាន់តែមានប្រសិទ្ធភាពទ្វេដង សម្រាប់បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺយើង។
ឯកឧត្តមបានសង្ងត់ធ្ងន់ ទៅលើសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមត្រូវបន្តឲ្យបានរឹងមាំ តាមរយៈការលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្សព្វផ្សាយ និងជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានទាន់ពេលវេលា ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវពន្លឿនរាល់សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅមូលដ្ឋានអោយបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមបានគូសបញ្ជាក់ពីការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនោះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អបរិស្ថានសោភ័ណភាពក្នុងក្រុងច្បារមន ពិសេសតាមបណ្តោយផ្លូវជាតិលេខ ៤ ចំណុចខាងកើតធនាគារ ABA ត្រូវបានចាត់ទុកជាសមិទ្ធផលយុទ្ធសាស្ត្រ។ ឯកឧត្តមបានបន្ថែមថា គម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ទឹកដីខេត្តកំពង់ស្ពឺ ដែលជាកត្តាជំរុញដល់ការបង្កើតការងារ និងការកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ។