ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ សម្រាប់ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តមហានិកាយ ព្រះមុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និមន្តនិងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សមណសិស្ស និងគណៈកម្មការ អាចារ្យ ក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណជា១,១៨២ អង្គ/នាក់ ដែលរៀបចំឡើងនៅក្នុងបរិវេណវត្ត ដំណាក់ត្រាច ស្ថិតក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់ លោក សម សោភ័ណ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ បានឱ្យដឹងថានៅក្នុងខេត្តកំពង់ស្ពឺ មានវត្ដសរុបចំនួន ២៩៨វត្ដ និងមានព្រះសង្ឃសរុប ទាំងពីរគណៈ ចំនួន ៤,៣៥២អង្គ ក្នុងនោះ ភិក្ខុ ១,២៣៨អង្គ និងសាមណេរចំនួន៣,១១៤អង្គ ។
ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តមហានិកាយ និងព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ មានសង្ឃដិកាថា ពិធីផ្សព្វផ្សាយ ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃ ទូទាំងប្រទេសលើកទី៣៣ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមបរិយាកាសដែលព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនា ប្រកបដោយស្មារតីឯកភាព សាមគ្គីភាព ក្នុងការការពារ និងថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ របស់ប្រទេសជាតិ និងតម្លៃព្រះពុទ្ធសាសនា ជាពិសេសគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះ រាជាណាចក្រកម្ពុជា តែងតែចូលរួមសហការជាមួយក្រសួងធម្មការនិងសាសនា តែងតែបាន រៀបចំ អនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃ ទូទាំងប្រទេសប្រចាំឆ្នាំនីមួយៗ ដើម្បីត្រួតពិនិត្យលើកការ អនុត្ដន៍ខ្លឹមសារសង្ឃប្រកាសកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ដទៀត។
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នេះ គឺប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីភាពដ៏ទូលំទូលាយ និងស្និទ្ធស្នាលបំផុត ក្នុងវិស័យសាសនា ស្របពេលដែលប្រជាជនកម្ពុជាយើង កំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់ របស់អង្គព្រះមហាក្សត្រជាទី គោរពសក្ការៈ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ព្រះពុទ្ធសាសនាចូល ក្នុងកម្មវិធីអប់រំតាមសាលារៀនរដ្ឋ និងឯកជនផងដែរ។ ការជួបជុំនាពេលនេះពិតជាមានសារៈ សំខាន់ណាស់ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនា ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់គុណតម្លៃ និងតួនាទីរបស់ព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ។
ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បានត្រៀមលក្ខណៈជានិច្ចក្នុង ការសហការជាមួយនឹងគណៈសង្ឃ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តឱ្យខាងតែបាននូវខ្លឹមសារនៃសង្ឃ ប្រកាសអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ ឯកឧត្តម ក៏បានលើកទឹកចិត្ត រក្សាឱ្យបាន នូវស្មារតីសាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ស្របតាម គោលនយោបាយ លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា» សំដៅលើក តម្កើងគុណតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ខ្មែរឱ្យបាន រុងរឿង និងគង់វង្ស, ព្រមទាំងលើកកម្ពស់សីលធម៌សង្គម និង សុខដុមនីយកម្មសាសនា ក្នុងសង្គមជាតិផងដែរ៕