ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស សាលាបឋមសិក្សា អុិ ជិ យិ គិ ត្រពាំងក្តុល និងបឋមសិក្សា ទួលខ្លុង ស្ថិតនៅ ‎ក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស សាលាបឋមសិក្សា អុិ ជិ យិ គិ ត្រពាំងក្តុល និងបឋមសិក្សា ទួលខ្លុង ស្ថិតនៅ ‎ក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ។
‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានរកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះមនសិការវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីដ៏សំខាន់របស់ជាតិ។
‎ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺបានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ខេត្តនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្កើតឱ្យមានឱកាសការងារដើម្បីទទួលបានចំណូលផ្គត់ផ្គងគ្រួសារ។ក្រោមការគិតគូនេះ បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសជិត១៦០០កន្លែង ដែលអាចផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប្រមាណជាង៣០ម៉ឺននាក់ ។នេះនៅមិនទាន់បានគិតចូលពីចំនួនកម្មករ កម្មការិនីដែលបាននិងកំពុងបម្រើការនៅតាមទីតាំងសហគមន៍ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិកម្មជាច្រើនកន្លែងទៀតផង។
‎ឯកឧត្តមបានបន្ថែមថា ដោយការអភិវឌ្ឍន៍រីកចម្រើន ខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្សដើម្បីបម្រើឱ្យវិស័យទាំងនេះ ដែលទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹងនិងបច្ចេកទេស។ បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំ យកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែនិងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែនិងសមត្ថភាព គឺប្រាកដណាស់ ក្មួយៗពិតជាអាចរកបានការងារល្អនិងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ)។
‎ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជម្រុញការតបណ្តាញទឹកស្អាតនិងអគ្គិសនីទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះផងដែរ។

ព័ត៌មានទាក់ទង