រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធពិធីថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្ម៧៣ យាងចូល ៧៤ព្រះវស្សា
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចូលរួមព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧៣ យាងចូល ៧៤ព្រះវស្សា។ ពិធីត្រូវបានរៀបចំធ្វើនៅក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការចូលរួមជាអធិបតីឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តនិងឯកឧត្តម លោកជាំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុងស្រុក សមាជិក សាមាជិកា ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានបានសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្តថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តកំពង់ស្ពឺ សូមព្រះបរមរាជាអនុញ្ញាតថ្វាយនូវអភិវន្ធនកិច្ច និងសូមថ្វាយនូវព្រះសព្វសាធុការពជ័យ បវរសួស្ដី សេរីមង្គលវិបុលសុខមហាប្រសើរគ្រប់ ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយឺនយូរជាងរយព្រះវស្សានិងចាកផុតពីរោគាព្យាធិនានា ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងសេរីរាជ្យសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្រ្តរបស់ព្រះអង្គជាអង្វែងតទៅ»។
ឯកឧត្តមបណ្ឌិតបានបន្តថា «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនូវកតញ្ញូតាធម៌ និងកត្តវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការទូត សាសនា អប់រំសិក្សាធិការវប្បធម៌ មនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងម្លប់ នៃសន្តិភាពឱ្យរឹងរឹតតែមានភាពរីកចម្រើនជឿនលឿនប្រកបដោយសេចក្ដីសុខក្សេមក្សាន្តចំរុងចម្រើន និងរុងរឿង»។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងពីទឹកចិត្តស្វាមីភក្តិ និងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាងពោពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។